Friday, 29 June 2018

បទសូធ្យដាក់ទង់ព្រះពុទ្ធសាសនា

បទសូធ្យដាក់ទង់ព្រះពុទ្ធសាសនា


១- ជាតិ​យើង​អ្នក​​កាន់​សាសនា                       ត្រូវ​ដឹង​ច្បាស់​ថា​ព្រះពុទ្ធ​ជិនស្រី
      ទ្រង់​មាន​ឆព្វណ្ណរង្សី                                    គឺ​ព្រះរស្មី​​ទាំង​ប្រាំមួយ​ពណ៌ ។
២- ផ្សាយ​ចេញ​ពី​​ព្រះកាយ​ទ្រង់                       រុងរឿង​ឫទ្ធិ​រុង​ប្រសើរ​បវរ
      ឆ្វៀលឆ្វាត់​កាយ​ឆើតឆាយ​ល្អ                    ទាំង​ប្រាំមួយ​​ពណ៌​ស្រស់​ល្អ​​សោភា ។
៣- កំណើត​នៃ​​ព្រះរស្មី​                                      កើត​ដោយ​បារមី​នៃ​ព្រះភគវា​
       ធ្វើ​ទាន​ឥត​មាន​រុញរា                                 កាល​ដែល​នៅ​ជា​ព្រះពោធិសត្វ ។
៤- រស្មី​ពណ៌​ខៀវ​នោះ​ណា                               កាល​ឆ្កៀល​នេត្រា​ទ្រង់​ដោយ​ចិត្ត​កាត់
      ធ្វើ​ទាន​ដល់​ឥន្ទព្រាហ្មណ៍​ពិត                    កាល​នៅ​ជា​ក្សត្រ​នាម​ស្រីពិរាស្ត្រ ។
៥- រស្មី​ពណ៌​លឿង​ភ្លឺ​ថ្លា                                     កាល​ដែល​ទ្រង់​អារសាច់​ផែ​ធ្វើ​មាស
      បិទ​ពុទ្ធរូប​ភ្លឺ​ល្អ​ឱភាស                                 ព្រះឥន្ទ​ជាង​មាស​ទ្រង់​វៃ​បណ្ឌិត ។
៦- រស្មី​ក្រហម​នោះ​ណា                                     កាល​ដែល​មាតា​ពស់​ខាំ​ស្លាប់​ពិត
      បទុម​ស៊ូ​ប្ដូរ​ជីវិត                                              កាត់​បេះដូង​បិទ​ធ្វើ​ថ្នាំ​មាតា ។
៧- រស្មី​ពណ៌​ស​សុទ្ធសាធ                                 កាល​ជា​ព្រះបាទ​វេស្សន្ដរ​ក្សត្រា
       ឱ្យ​ទាន​ដំរី​ស​សោភា                                    ដែល​ទ្រង់​ប្រាថ្នា​យក​ពោធិញាណ ។
៨- រស្មី​ពណ៌​ដូច​ជើងហង្ស                               កាល​មាតា​ទ្រង់​យក្ខ​ចាប់​យក​បាន
       វិជ្ជាធរ​អារសាច់​ខ្លួន​ប្រាណ                        ឱ្យ​យក្ខ​សាមាន្យ​ស៊ី​ប្ដូរ​ជីវិត ។
៩- រស្មី​ភ្លឺផ្លេក​ពណ្ណរាយ                                    កាល​ជា​ទន្សាយ​ឈ្មោះ​សោមបណ្ឌិត
      ឱ្យ​ទាន​សាច់​ឈាម​ជីវិត                              ដល់​ឥន្ទព្រាហ្មណ៍​ពិត​ថា​អត់​អាហារ ។
១០- រស្មី​ខៀវ​លឿង​ក្រហម                              ស​ហង្ស​បាទ​ព្រម​ភ្លឺផ្លេក​អស្ចារ្យ
         ត្រូវ​ជា​ប្រាំមួយ​ប្រការ                                ក្មេង​ចាស់​កុមារ​ចូរ​ចាំ​ទុក​អើយ ៕៚

No comments:

Post a Comment

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗ​​គ...